Back

គណៈប្រតិភូក្រសួងស្ថាប័នថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋគម្របខួប១៤ឆ្នាំ

ភ្នំពេញ៖ គណៈប្រតិភូតាមបណ្តាក្រសួង ស្ថាប័ននានា បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាមណ្ឌបសួនច្បារ ខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ ខណៈនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ ជាខួបគម្រប់១៤ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ ។

ដើម្បីជាកិច្ចតបស្នងថ្វាយ ចំពោះព្រះរាជឧបក្ការៈគុណដ៏ធំធេង មិនអាចកាត់ថ្លៃបាន នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជាអម្ចាស់នៃយើង គណៈប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្តាក្រសួងស្ថាប័ន អង្គការ សមាគមនានា បានអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានជាបន្តបន្ទាប់ ពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធដ៏មានអត្ថន័យនេះ ដើម្បីជាកិច្ចតបស្នងថ្វាយ ចំពោះព្រះរាជឧបក្ការៈគុណដ៏ធ្ងន់បំផុត តាមរយៈស្នាព្រះហស្ថដ៏ឧត្តុងឧត្តមជាប្រវត្តិសាស្ត្រ របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ក្នុងមួយព្រះជន្មព្រះអង្គ បានគិតគូពីឧត្តមប្រយោជន៍ជាតិ លើសអ្វីៗទាំងអស់ ក្នុងនោះព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ច ទាមទារបានមកវិញនូវឯករាជ្យ (នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣) បូរណភាពទឹកដីខ្មែរ បានគង់វង្ស ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត ក្នុងព្រះរាជកិច្ចផ្សះផ្សា បង្រួបបង្រួមជាតិ ឯកភាពជាតិ និងព្រះរាជកិច្ចស្ថាបនា ព្រះរាជសមិទ្ធិផល កសាងសង្គម ឲ្យមានការរីកចំរើន តាំងពីក្នុងសម័យសង្គមរាស្ត្រនិយមដ៏រុងរឿងរហូត ដល់សម័យកាលបច្ចុប្បន្ន ។

សូមឧទ្ទិសថ្វាយនូវមហាកុសលដ៏ខ្ពង់ខ្ពស់ ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងសោយព្រះទិវង្គត ទៅកាន់បរលោក ឯនាយខាងមុខហើយនោះ សូមព្រះវិញ្ញាណក្ខ័ន្ធ ព្រះអង្គបានយាងគង់ប្រថាប់សោយសុខក្នុង ព្រះសុគតិភព ប្រកបដោយសម្បត្តិសួគ៌ និងសម្បត្តិព្រះនិព្វាន្ត ជាឋានបរមសុខដ៏ខ្ពង់ខ្ពស់បំផុត ។

សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់ព្រះប្រសូត្រ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៣១ ព្រះអង្គទ្រង់សោយទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្ម ៨៩ព្រះវស្សា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ៕អត្ថបទ បាន សុខរិទ្ធិ

The full article is being collected. Available text is shown for now.

Back
Share this story

Get the daily newsletter →

Ask globalread.info

AI news & website helper
What would you like to explore?

I can find stories, explain headlines, or help you use globalread.info.

AI can make mistakes. Check the linked sources. Questions are sent to OpenAI.