អាជ្ញាធរខេត្តកំពតបញ្ជាបិទទីតាំងមានបញ្ហានៅឆ្នេរកោះស្មៅ ក្រោយប្រជាពលរដ្ឋផ្ទុះប្រតិកម្ម??

ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91
ខេត្តកំពត៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាឱ្យបិទជាបណ្តោះអាសន្នទីតាំងដែលមានបញ្ហានៅតំបន់ឆ្នេរកោះស្មៅ បន្ទាប់ពីមានការរិះគន់ និងប្រតិកម្មពីប្រជាពលរដ្ឋលើបណ្តាញសង្គម ពាក់ព័ន្ធនឹងបញ្ហាដែលកើតឡើងនៅតំបន់កម្សាន្តសាធារណៈមួយនេះ។
យោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានសហការជាមួយអាជ្ញាធរឃុំជុំគ្រៀល ចុះអនុវត្តបទបញ្ជារបស់អភិបាលខេត្ត ដោយបិទទីតាំងដែលមានបញ្ហានោះជាបណ្តោះអាសន្ន។
វិធានការនេះ បានធ្វើឡើងក្រោយមានការចែករំលែកព័ត៌មាន និងការលើកឡើងជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋនៅលើបណ្តាញសង្គម ជុំវិញបញ្ហាដែលកើតមាននៅឆ្នេរកោះស្មៅ ដែលជាទីតាំងកម្សាន្តមួយក្នុងខេត្តកំពត។
អាជ្ញាធរបានបញ្ជាក់ជាថ្មីថា ឆ្នេរកោះស្មៅជាឆ្នេរសាធារណៈ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបម្រើផលប្រយោជន៍រួម ដោយផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចចូលលេងកម្សាន្តដោយសេរី និងស្មើភាពគ្នា។
ជាមួយគ្នានេះ អាជ្ញាធរបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមផ្តល់មតិយោបល់ និងលើកឡើងពីបញ្ហានានា ព្រមទាំងសូមអភ័យទោសចំពោះផលប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋដែលបានកើតឡើងកន្លងមក។
ការចុះអនុវត្តវិធានការនេះ បានបង្ហាញពីការឆ្លើយតបរបស់អាជ្ញាធរខេត្តចំពោះប្រតិកម្មសាធារណៈ ដោយបញ្ជាក់ពីគោលបំណងរក្សាឆ្នេរកោះស្មៅឱ្យនៅជាកន្លែងកម្សាន្តសាធារណៈ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទូទៅ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN
ចូលមើលព័ត៌មានថ្មីៗបន្ថែម


