Back

មហាជនស្នើឱ្យសហគមន៍ទេសចរណ៍ទន្លេបាទី បង្ហាញតារាងចំណូល-ចំណាយជាសាធារណៈ ក្រោយមានភាពចម្រូងចម្រាសរឿងតម្លៃម្ហូបអាហារ

Story illustration

តាកែវ៖ ទោះបីលោក សាយ វណ្ណៈ អភិបាលស្រុកបាទី បានបញ្ជាក់ថា សហគមន៍ទេសចរណ៍ទន្លេបាទីមានតារាងកំណត់តម្លៃម្ហូបអាហារច្បាស់លាស់ និងប្តេជ្ញាបន្តកែលម្អគុណភាពសេវាកម្មយ៉ាងណាក្តី ក៏មហាជនមួយចំនួននៅតែបង្ហាញការមិនទាន់អស់ចិត្ត និងស្នើឱ្យមានការបង្ហាញតារាងចំណូល-ចំណាយរបស់សហគមន៍ជាសាធារណៈ ដើម្បីបង្កើនតម្លាភាព និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ការលើកឡើងនេះ កើតមានឡើងក្រោយពេលមានភាពចម្រូងចម្រាសរវាងអាជីវករ និងភ្ញៀវដែលទៅកម្សាន្តនៅតំបន់ទេសចរណ៍ទន្លេបាទី ពាក់ព័ន្ធនឹងការហូបចុក និងតម្លៃម្ហូបអាហារ។ នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី បានចេញមកបញ្ជាក់បន្ថែមអំពីការគ្រប់គ្រងតម្លៃម្ហូបអាហារ និងការយកចិត្តទុកដាក់លើការកែលម្អសេវាកម្មនៅតំបន់ទេសចរណ៍នេះ។

តាមការបញ្ជាក់របស់លោក សាយ វណ្ណៈ សហគមន៍ទេសចរណ៍ទន្លេបាទីមានតារាងកំណត់តម្លៃម្ហូបអាហារច្បាស់លាស់ ដោយមានបិទភ្ជាប់លេខទូរស័ព្ទរបស់ប្រធានសហគមន៍នៅលើម៉ឺនុយមុខម្ហូប ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការសាកសួរព័ត៌មាន និងរាយការណ៍ ប្រសិនបើជួបបញ្ហាពាក់ព័ន្ធនឹងតម្លៃម្ហូបអាហារ ឬសេវាកម្ម។

លោកអភិបាលស្រុកក៏បានបញ្ជាក់ថា កន្លងមក អាជីវករនៅតំបន់ទេសចរណ៍ទន្លេបាទីបានចូលរួមអនុវត្តតាមតារាងតម្លៃដែលសហគមន៍បានកំណត់។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ទេសចរណ៍ទន្លេបាទី នឹងបន្តខិតខំកែលម្អសេវាកម្ម បំពេញបន្ថែមចំណុចខ្វះខាត និងពង្រឹងគុណភាពសេវាបម្រើភ្ញៀវទេសចរ ឱ្យកាន់តែល្អប្រសើរឡើង។

ទន្ទឹមនឹងការបញ្ជាក់នេះ មហាជនមួយចំនួនបានលើកឡើងថា ការមានតារាងកំណត់តម្លៃម្ហូបអាហារតែមួយមុខ មិនទាន់អាចឆ្លើយតបនឹងកង្វល់ទាំងអស់របស់ពួកគេបាននៅឡើយទេ។ ពួកគេយល់ថា ដើម្បីឱ្យមានភាពច្បាស់លាស់ និងបង្កើនជំនឿទុកចិត្តពីសាធារណជន គួរតែមានការបង្ហាញតារាងចំណូល-ចំណាយរបស់សហគមន៍ទេសចរណ៍ទន្លេបាទី ដោយបញ្ជាក់ឱ្យបានច្បាស់ពីប្រភពចំណូល ការចំណាយ និងការប្រើប្រាស់ថវិកាដែលប្រមូលបាន។

មហាជនមួយចំនួនបានអះអាងថា បញ្ហាពាក់ព័ន្ធនឹងតម្លៃម្ហូបអាហារ និងការគ្រប់គ្រងនៅតំបន់ទេសចរណ៍នេះ គឺជាកង្វល់ដែលពួកគេមើលឃើញថាមានជាយូរមកហើយ។ ដូច្នេះ ពួកគេស្នើឱ្យលោកអភិបាលស្រុកបាទី និងប្រធានសហគមន៍ពិនិត្យលទ្ធភាពបង្ហាញរបាយការណ៍ចំណូល-ចំណាយជាសាធារណៈ ដើម្បីឱ្យមហាជនបានដឹង និងអាចតាមដានការគ្រប់គ្រងបានកាន់តែច្បាស់។

ការស្នើសុំនេះ ក៏បានចោទជាសំណួរថា តើសហគមន៍មានយន្តការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដល់សាធារណជនយ៉ាងដូចម្តេច ហើយតើការប្រមូល និងប្រើប្រាស់ចំណូលពីសកម្មភាពទេសចរណ៍ ត្រូវបានគ្រប់គ្រងតាមនីតិវិធីណាខ្លះ? ទោះជាយ៉ាងណា ចំណុចទាំងនេះនៅត្រូវការការបញ្ជាក់បន្ថែមពីសំណាក់សហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យសាធារណជនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានេះ លោក សាយ វណ្ណៈ និងសហគមន៍ទេសចរណ៍ទន្លេបាទី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ បន្តគាំទ្រតំបន់ទេសចរណ៍ក្នុងស្រុក ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងធ្វើឱ្យតំបន់ទេសចរណ៍ទន្លេបាទីកាន់តែមានភាពទាក់ទាញ។

យ៉ាងណាក៏ដោយ ក្រោយមានភាពចម្រូងចម្រាសជុំវិញតម្លៃម្ហូបអាហារ ការបង្ហាញព័ត៌មានអំពីតម្លៃសេវាកម្មឱ្យបានច្បាស់លាស់ គួបផ្សំនឹងការគ្រប់គ្រងប្រកបដោយតម្លាភាព និងការបង្ហាញរបាយការណ៍ចំណូល-ចំណាយតាមភាពសមស្រប អាចជាចំណុចសំខាន់ក្នុងការឆ្លើយតបនឹងកង្វល់របស់មហាជន និងពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរមកលេងកម្សាន្តនៅតំបន់ទន្លេបាទីនាពេលខាងមុខ៕

The full article is being collected. Available text is shown for now.

Back
Share this story

Get the daily newsletter →

Ask globalread.info

AI news & website helper
What would you like to explore?

I can find stories, explain headlines, or help you use globalread.info.

AI can make mistakes. Check the linked sources. Questions are sent to OpenAI.