កម្លាំងកងរាជអាវុធហត្ថបង្ក្រាបរថយន្តកែច្នៃដឹកឈើសុក្រម២៨ដុំ នៅខេត្តរតនគិរី ខណៈម្ចាស់រត់គេចខ្លួន

ខេត្តរតនគិរី÷ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបរកែវ បានចុះបង្ក្រាប និងរឹបអូសរថយន្តកែច្នៃ១គ្រឿង ដែលដឹកជញ្ជូនឈើសុក្រមចំនួន ២៨ដុំ ស្មើនិងប្រមាណ ៣,៩៣៧ម៉ែត្រគូប កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅខេត្តរតនគិរី ខណៈម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំ និងសម្របសម្រួលនីតិវិធីពីឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បន្ទាប់ពីកម្លាំងជំនាញទទួលបានសេចក្តីរាយការណ៍ពីប្រភពព័ត៌មានពាក់ព័ន្ធនិងសកម្មភាពដឹកជញ្ជូនឈើ ចាប់តាំងពីព្រលប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។
តាមព័ត៌មានដែលទទួលបាន រថយន្តកែច្នៃម៉ាក Food ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2BB-3494 ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ និងនាំយកមករក្សាទុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ម្ចាស់រថយន្តដែលត្រូវបានគេស្គាល់ឈ្មោះ ទី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ យ៉ាងណាក៏ដោយ ព័ត៌មានដែលទទួលបានបញ្ជាក់ថា បុរសរូបនេះបានរត់គេចខ្លួននៅពេលសមត្ថកិច្ចចុះបង្ក្រាប ហើយមិនទាន់មានការបញ្ជាក់អំពីការឃាត់ខ្លួននៅឡើយទេ។
ប្រភពព័ត៌មានក្នុងមូលដ្ឋានបានឲ្យដឹងថា នៅយប់ថ្ងៃទី១២ ខែតុលា រថយន្តខាងលើត្រូវបានគេរាយការណ៍ថា បានប្រមូលទិញឈើនៅតំបន់ភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់ ដោយផ្ទុកឈើសុក្រមមូលចំនួន ២៨ដុំ មានប្រវែងប្រមាណ ១,២ម៉ែត្រ ទៅ ១,៤ម៉ែត្រ និងមានមុខកាត់ខុសៗគ្នា។
ប្រភពដដែលបានអះអាងថា បុរសរូបនេះធ្លាប់ប្រកបរបរប្រមូលទិញឈើនៅតាមបណ្តាស្រុកមួយចំនួន រួមមាន: ស្រុកលំផាត់ ស្រុកអណ្តូងមាស និងតំបន់ស្រុកកោះញែក ខេត្តមណ្ឌលគិរី មុនដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាមតាមច្រកព្រំដែនក្នុងស្រុកអូរយ៉ាដាវ។ ទោះជាយ៉ាងណា ការអះអាងនេះមិនទាន់មានការបញ្ជាក់ឯករាជ្យ ឬការបញ្ជាក់ពីសាមីខ្លួននៅឡើយទេ។
ក្រោយប្រតិបត្តិការ ឈើសុក្រមទាំង ២៨ដុំ និងរថយន្តកែច្នៃដែលជាមធ្យោបាយដឹកជញ្ជូន ត្រូវបានសមត្ថកិច្ចរឹបអូស និងប្រគល់ទៅឲ្យផ្នែករដ្ឋបាលព្រៃឈើបរកែវ ដើម្បីរក្សាទុក និងចាត់ការបន្តតាមនីតិវិធីច្បាប់។
ករណីនេះបង្ហាញពីការបន្តអនុវត្តវិធានការបង្ក្រាបបទល្មើសពាក់ព័ន្ធនិងធនធានធម្មជាតិ។
ទោះជាយ៉ាងណា ការកំណត់ថាតើការដឹកជញ្ជូនឈើខាងលើមានការបំពានច្បាប់ឬយ៉ាងណា ព្រមទាំងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធ ត្រូវរងចាំការស្រាវជ្រាវ និងការសម្រេចរបស់មានសមត្ថកិច្ចតាមនីតិវិធីច្បាប់៕
The post កម្លាំងកងរាជអាវុធហត្ថបង្ក្រាបរថយន្តកែច្នៃដឹកឈើសុក្រម២៨ដុំ នៅខេត្តរតនគិរី ខណៈម្ចាស់រត់គេចខ្លួន appeared first on Phnom Penh Thmey .




