លោក Oleg ចាត់ទុកជំនួបទល់នឹង Gangwon គឺជាការប្រកួតប្រវត្តិសាស្ដ្រានិងជាកិត្តិយសមួយរបស់ភ្នំពេញក្រោន ដែលលេងតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយម្ចាស់ផ្ទះ Gangwon លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានចាត់ទុកនេះ គឺជាការប្រកួតប្រវត្តិសាស្ដ្រាមួយរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ហើយក៏ជាកិត្តិយសមួយសម្រាប់ក្រុមសិង្ហក្រហម ដែលបានលេងក្នុងនាមតំណាងឲ្យកម្ពុជា ពិសេសការប្រកួតទល់ក្រុមកម្រិតខ្ពស់ ដូចជា Gangwon FC។ លោកបានសង្កត់ធ្ងន់ថា «យើងមានមោទកភាពក្នុងការបង្ហាញថា ក្រុមនៅកម្ពុជាអាចប្រកួតប្រជែងបានលើឆាកអន្តរជាតិ»។
លោក Oleg បន្ដថា លីគបាល់ទាត់កូរ៉េខាងត្បូង មានការប្រកួតប្រជែងខ្លាំង ពិសេសក្រុមឈរលេខ២ ដល់លេខ៩ ដែលមានគម្លាតពិន្ទុពីគ្នាត្រឹម ៦ពិន្ទុ។ ដូច្នេះលោកដឹងច្បាស់ថា ការប្រកួតទល់ក្រុម Gangwon FC នឹងមានការប្រកួតប្រជែងខ្លាំងកម្រិតណា ស្របពេលក្រុមម្ចាស់ផ្ទះ កំពុងតែប្រជែងកៅអី ដើម្បីបានលេងពានរង្វាន់អន្ដរជាតិ AFC Champions League Elite នារដូវកាលក្រោយផងនោះ។
គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនដដែលបន្ដថា «ពួកគេ (Gangwon FC) ជាក្រុមដែលលេងបាល់លឿន បូករួមជាមួយកាយសម្បទា បច្ចេកទេស និងការប្រជែងខ្លាំង ជាមួយនឹងការដឹកបាល់ទៅបញ្ចប់ទីគូប្រកួត ខ្ញុំគិតថាការលេងបែបនេះគឺវាជាភាពទាក់ទាញមួយផងដែរ។ ពួកគេមិនរបូតគ្រាប់បាល់ច្រើននោះទេ ហើយការការពាររបស់គេគឺពិតជាខ្លាំងក្លាណាស់»។ «អ្វីដែលខុសប្លែកពីកម្ពុជាគឺអាកាសធាតុ យើងលេងនៅក្រោមអាកាសធាតុ ៣០បូក ហ្វឹកហាត់ក្រោមអាកាសធាតុ ៣០បូក ហើយការប្រកួតគឺក្រោមអាកាសធាតុក្តៅ ដូច្នេះយើងមកទីនេះដូចជាភពផ្សេងមួយទៀត នេះគឺជាផលវិបាកមួយដែរសម្រាប់យើង យើងត្រូវតែសម្របខ្លួនតាមស្ថានការណ៍នេះ ហើយបើនិយាយអំពីការប្រកួតគឺតានតឹង»។
សូមជម្រាបថា ក្លិបភ្នំពេញក្រោន នឹងត្រូវជួបក្រុមខ្លាំង Gangwon FC របស់កូរ៉េខាងត្បូង ក្នុងពូល H នាវេលាម៉ោង ៥ល្ងាចនេះ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Gangneung។ បច្ចុប្បន្នភ្នំពេញក្រោនកំពុងឈរនៅកំពូលតារាងមាន ៣ពិន្ទុ ក្រោយឈ្នះក្លឹបម៉ាឡេស៊ីន Kuching FC ២ទល់នឹង១ នៅក្នុងដី ស្របពេលក្លឹប Gangwon ប្រកួតស្មើ ០ទល់០ ជាមួយក្លឹប Kitchee របស់ហុងកុង ៕
The post លោក Oleg ចាត់ទុកជំនួបទល់នឹង Gangwon គឺជាការប្រកួតប្រវត្តិសាស្ដ្រានិងជាកិត្តិយសមួយរបស់ភ្នំពេញក្រោន ដែលលេងតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ appeared first on Phnom Penh Thmey .
The full article is being collected. Available text is shown for now.