ត្រាំ ត្រូវអ៊ីរ៉ង់បង្ខំឱ្យសន្យាឈប់សម្លាប់មេដឹកនាំពួកគេតទៅទៀត
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា ប្រទេសអ៊ីរ៉ង់ទទូចឱ្យលោកសន្យាថានឹងមិនសម្លាប់មេដឹកនាំរបស់ពួកគេទៀតឡើយ។
លោក បានថ្លែងនៅក្នុងវេទិកាឃោសនានយោបាយមួយនៅរដ្ឋអារីហ្សូណាថា មេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ត្រូវបានកម្ចាត់អស់ហើយ។ ក្រោយមក ពួកគេចាត់តាំងឱ្យមេដឹកនាំបណ្ដោះអាសន្នទី ២ ចូលគ្រប់គ្រង។ ប៉ុន្តែជាអកុសលមេដឹកនាំបណ្ដោះអាសន្នទី ២ នោះក៏ត្រូវបានកម្ចាត់អស់ដែរ។
លោក បានបន្ថែមថា បន្ទាប់មក ពួកគេជ្រើសរើសមេដឹកនាំបណ្ដោះអាសន្នទី ៣ ប៉ុន្តែក៏ត្រូវបានកម្ចាត់អស់ទៀត។ ដូច្នេះ ទើបពេលនេះ ពួកគេបង្ខំឱ្យខ្ញុំសន្យាឈប់កម្ចាត់មេដឹកនាំពួកគេតទៅទៀត ហើយខ្ញុំក៏យល់ព្រម និងសន្យាជាមួយពួកគេ។
លោក បន្តថា រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ចង់ធ្វើជាប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នោះទេ។
ទន្ទឹមនោះ លោក បានសង្កត់ធ្ងន់ថា «ប្រសិនបើទីក្រុងតេអេរ៉ង់មានអាវុធនុយក្លេអ៊ែរ ពួកគេនឹងប្រើប្រាស់វាប្រឆាំងនឹងតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក។ ដូច្នេះ យើងត្រូវតែធានាថា អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរទេ ព្រោះអ្នកដឹងហើយថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ពួកគេត្រូវបានគេចាត់ទុកថាជាប្រទេសដែលគាំទ្រអំពើភេរវកម្មលំដាប់ទីមួយ ប្រសិនបើពួកគេមានអាវុធនុយក្លេអ៊ែរ ពួកគេនឹងប្រើវាយ៉ាងរហ័សបំផុត។ ពួកគេនឹងបំផ្លាញតំបន់មជ្ឈិមបូព៌ា រួចងាកមកវាយប្រហារយើងនៅតំបន់ឆ្នេរខាងលិច។»
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលគ្រោងទុកនូវការឈប់បាញ់ជាបន្ទាន់នៅគ្រប់សមរភូមិ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកបានបន្តការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់នៅយប់ឈានចូលថ្ងៃទី ៨ ខែកក្កដា ដោយចោទប្រកាន់អ៊ីរ៉ង់ថាបានរំលោភលើកិច្ចព្រមព្រៀងដែលមានស្រាប់ពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz ។
ក្រោយមក រដ្ឋបាលអាមេរិក បញ្ឈប់ការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់ ហើយកំពុងងាកទៅរកយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ក្នុងស្ថានភាពលំបាកខ្លាំងតាមរយៈការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងវិញ៕
ដោយ៖ ពេជ្រ
The post ត្រាំ ត្រូវអ៊ីរ៉ង់បង្ខំឱ្យសន្យាឈប់សម្លាប់មេដឹកនាំពួកគេតទៅទៀត appeared first on Phnom Penh Thmey .
The full article is being collected. Available text is shown for now.