លោក អ៊ុំ ចំរើន ត្រូវបានតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង
តាកែវ៖ លោក វ៉ី សំណាង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្តតាកែវ បានថ្លែងបញ្ជាក់ថា យុវជនគឺជាកម្លាំងស្នូលសម្រាប់បន្តវេនក្នុងការជ្រោងទង់សន្តិភាព និងការអភិវឌ្ឍ ព្រមទាំងដឹកនាំនាវាកម្ពុជាឱ្យឆ្ពោះទៅមុខជានិច្ច និងរីកចម្រើនក្នុងគ្រប់វិស័យ។ ដូច្នេះ យុវជនគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវស្មារតីចូលរួមសហការឱ្យបានកាន់តែខ្លាំងក្លា តាមរយៈសកម្មភាពបម្រើផលប្រយោជន៍សង្គម ដូចជា សកម្មភាពមនុស្សធម៌ ការងារសង្គម និងការកៀរគរកសាងកម្លាំងយុវជនថ្មីៗជូនគណបក្សជាបន្តបន្ទាប់គ្រប់ពេលវេលា ។
ការគូសបញ្ជាក់របស់ លោក វ៉ី សំណាង នេះ ធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង លោក អ៊ុំ ចំរើន ជាប្រធានគណៈកម្មាធិការគណបក្សស្រុកទ្រាំង និងជាប្រធានយុវជនគណបក្សស្រុកទ្រាំង។
នាឱកាសនោះ លោក វ៉ី សំណាង ប្រធានគណ:បក្សខេត្តបានជំរុញដល់យុវជនគណបក្សទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចការងារបក្ស ធ្វើយ៉ាងណាបំផុស និងអប់រំឱ្យប្រជាពលរដ្ឋមានជំនឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាជាស្នូល។ ពិសេសជាងនេះទៅទៀត ត្រូវរួមគ្នាថែរក្សាការពារ និងពង្រីកបន្ថែមឱ្យបានគង់វង្សនូវរាល់សមិទ្ធផលរូបវន្ត និងសេចក្តីសុខសាន្តនៅមូលដ្ឋាន ស្រុក ឃុំ ភូមិ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ។
លោកប្រធានគណបក្សខេត្ត បានគូសបញ្ជាក់បន្ថែមថា អំពើល្អរបស់មន្ត្រីបក្ស និងការយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” គឺជាកត្តាចម្បងដែលបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ យុវជនគណបក្សគ្រប់រូបក្នុងមូលដ្ឋាន គឺជាកម្លាំងអសកម្មមិនអាចខ្វះបាន ដែលទាមទារឱ្យមានការបន្តពង្រឹងសមត្ថភាព និងស្មារតីបន្ថែមទៀត ស្របតាមគោលនយោបាយរបស់គណបក្ស ដើម្បីក្លាយខ្លួនជាកម្លាំងបន្តវេនដ៏រឹងមាំ។
លោក វ៉ី សំណាង ប្រធានគណ:បក្សខេត្តបានធ្វើការផ្ដាំផ្ញើដល់ លោក អ៊ុ ចំរើន ដែលទើបទទួលបានការប្រកាសតែងតាំងថ្មី ត្រូវបន្តរក្សាសន្តិភាពឱ្យបានគង់វង្សដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ គោរពស្រឡាញ់ប្រជាពលរដ្ឋ រក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ព្រមទាំងត្រូវបន្តតាមដាន និងប្រឆាំងដាច់ខាតរាល់ការឃោសនាអគតិពីក្រុមជ្រុលនិយម ការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងទប់ស្កាត់រាល់ចលនាបដិវត្តន៍ពណ៌។ ជាងនេះទៅទៀត ត្រូវយក ចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងពង្រីកអង្គភាពយុវជនបក្ស ស្របតាមពាក្យស្លោក “ពង្រីកដល់ណា ពង្រឹងដល់នោះ” ។
លោក អ៊ុំ ចំរើន បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ បន្តពង្រឹង និងពង្រីកកម្លាំងយុវជនបក្សជាប្រចាំ ព្រមទាំងពង្រីកកិច្ចសហការ និងភាពជាដៃគូជាមួយអង្គការយុវជនក្រៅប្រព័ន្ធ និងសង្គមស៊ីវិល ដើម្បីរួមចំណែកអភិវឌ្ឍយុវជនស្រុកទ្រាំងឱ្យកាន់តែរីកចម្រើនថែមទៀត៕តាកែវ
The post លោក អ៊ុំ ចំរើន ត្រូវបានតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង appeared first on Phnom Penh Thmey .
The full article is being collected. Available text is shown for now.