រុស្ស៊ី ប្រកាសសងសឹក ចំពេលអ៊ុយក្រែន អស់ខែលការពារអាកាស Patriot
ទន្ទឹមនឹងការផ្ទុះជម្លោះពាក្យសម្តីថ្មីយ៉ាងក្តៅគគុករវាង លោក ដូណាល់ ត្រាំ និង វ៉ូឡូឌីមៀរ ហ្សេលេនស្គី ស្រាប់តែពេលនេះ មានសេចក្តីរាយការណ៍ថា អ៊ុយក្រែន អស់ប្រព័ន្ធការពារមីស៊ីលប្រភេទ Patriot ដើម្បីទប់ទល់ជាមួយ រុស្ស៊ី បាត់ទៅហើយ ស្របពេលប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ប្តេជ្ញាសងសឹកទីក្រុងកៀវវិញ ក្រោយការវាយប្រហាររោងចក្រចម្រាញ់ប្រេង ក្នុងទីក្រុងមូស្គូ។
ប្រព័ន្ធការពារមីស៊ីលប្រភេទ Patriot (រូប៖ Reuters)
តាមការផ្សាយរបស់ CNN កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ដោយដកស្រង់ប្រភពពីមន្ត្រីដែលដឹងច្បាស់អំពីបញ្ហានេះ, ក្នុងការវាយប្រហារចុងក្រោយ អ៊ុយក្រែន ស្ទាក់ចាប់បានមីស៊ីលបាលីស្ទិករុស្ស៊ី ត្រឹម ៤គ្រាប់ប៉ុណ្ណោះ ដោយប្រើខែលបង្ហើយស្តុករបស់ខ្លួន ហើយមានមីស៊ីលច្រើនទៀតណាស់ ដែលហោះទម្លុះចូលមកដោយជោគជ័យ ព្រោះតែគ្មានបង្អាក់ដំណើរ។
យ៉ាងណាក្តី ព័ត៌មាននេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការ ឬប្រតិកម្មអ្វីទេ ពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវ ដ្បិតថា កាលពីមុន លោកហ្សេលេនស្គី ក៏ធ្លាប់អះអាងផងដែរ ពីព័ត៌មានបែបនេះក៏ដោយ។
រឿងនេះកើតឡើង ចំពេលលោកពូទីន ប្តេជ្ញាសងសឹក ចំពោះការដែលអ៊ុយក្រែន បាញ់រោងចក្រចម្រាញ់ប្រេង នៅតំបន់ Ryazan កាលពីថ្ងៃព្រហស្បតិ៍ ដែលបង្កជាអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យបិទសាលារៀនមួយចំនួន ប៉ុន្តែមិនមានមនុស្សស្លាប់ និងរបួសឡើយ។
ការវាយប្រហាររបស់រុស្ស៊ី នៅអ៊ុយក្រែន (រូប៖ Reuters)
ដូច្នេះហើយ ពេលនេះអ៊ុយក្រែន កំពុងប្រឈមនឹងហានិភ័យធំណាស់ នៃការវាយសន្ធាប់ពីសំណាក់រុស្ស៊ី ព្រោះ Patriot ដើរតួនាទីសំខាន់ណាស់ សម្រាប់សមត្ថភាពការពារខ្លួនរបស់អ៊ុយក្រែន។
សូមជម្រាបថា គិតត្រឹមដើមឆ្នាំ២០២៦ អ៊ុយក្រែនមានប្រព័ន្ធ Patriot ចន្លោះ ៦ ទៅ ៨ គ្រឿង ដែលប្រព័ន្ធនេះ ប្រើប្រាស់គ្រាប់មីស៊ីលប្រភេទ PAC-3 ដើម្បីកម្ទេចមីស៊ីលបាលីស្ទិកល្បឿនលឿនរបស់រុស្ស៊ី ដូចជា Iskander-M និង Kinzhal។
ប្រព័ន្ធចាប់មីស៊ីល Patriot (Phased Array Tracking Radar to Intercept on Target) គឺជាខែលការពារដែនអាកាស និងមីស៊ីលដ៏ទំនើបបំផុតមួយរបស់កងទ័ពអាមេរិក។ វាត្រូវបានផលិតឡើងដើម្បីការពារ ពីការគំរាមកំហែងតាមផ្លូវអាកាស។
ប្រព័ន្ធការពារមីស៊ីលប្រភេទ Patriot (រូប៖ Reuters)
Patriot ត្រូវបានផលិតដោយក្រុមហ៊ុនធំៗពីររបស់សហរដ្ឋអាមេរិក ពោលគឺក្រុមហ៊ុន Raytheon ជាអ្នកផលិតប្រព័ន្ធនានា រួមទាំងសមាសធាតុសំខាន់ៗជាច្រើន ចំណែកក្រុមហ៊ុន Lockheed Martin ជាអ្នកដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតមីស៊ីលស្ទាក់ចាប់ទំនើបៗសម្រាប់ប្រព័ន្ធនេះ។
បើយោងតាមគេហទំព័រ Military Watch Magazine, Patriot ត្រូវគេប៉ាន់ស្មានថា មានតម្លៃប្រហែល ៤០០លានដុល្លារអាមេរិក ហើយបើបូកបន្ថែមទាំងមីស៊ីលទៀត វាអាចមានតម្លៃរហូតដល់ទៅ១.១ពាន់លានដុល្លារអាមេរិក ឯណោះ៕
អត្ថបទ៖ សុវណ្ណ
រុស្ស៊ី ចោទវិញថា អ៊ុយក្រែន ក៏វាយប្រហាររោងចក្រប្រេងខ្លួន ២កន្លែង បំពានបទឈប់បាញ់ របស់ ត្រាំ ដែរ
The post រុស្ស៊ី ប្រកាសសងសឹក ចំពេលអ៊ុយក្រែន អស់ខែលការពារអាកាស Patriot appeared first on Kampuchea Thmey Daily .
The full article is being collected. Available text is shown for now.