លោក ត្រាំ បង្ហើបពីការចរចាជាមួយរុស្ស៊ី និងចិន ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ
ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ប្រទេសមហាអំណាច នៅតែជាបញ្ហារសើបសម្រាប់ពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការចរចាជាមួយទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ក្នុងគោលបំណងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសទាំងនេះ ដែលជាម្ចាស់ស្តុកអាវុធនុយក្លេអ៊ែរធំជាងគេ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ Reuters។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ រូបភាព៖ Reuters
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូមរបស់ស៊ុយអែត រុស្ស៊ី ជាប្រទេសមានស្តុកក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេ បន្ទាប់មកគឺសហរដ្ឋអាមេរិក និងប្រទេសចិន។ យ៉ាងណា សហរដ្ឋអាមេរិកមានចំនួនក្បាលគ្រាប់នុយក្លេអ៊ែរពង្រាយស្រាប់ ច្រើនជាងរុស្ស៊ី។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Newsmax នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោក ត្រាំ រំពឹងទុកថា ប្រទេសចិននឹងតាមទាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
លោក ត្រាំ ប្រាប់អ្នកសារព័ត៌មានថា៖ «រឿងនេះពិតជាគួរឱ្យស្តាយណាស់ ព្រោះខ្ញុំពិតជាចង់ឃើញការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប្រសិនបើអាចធ្វើទៅបាន។ តាមពិតទៅ យើងកំពុងពិភាក្សាជាមួយរុស្ស៊ី និងចិន អំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនេះ»។
សារព័ត៌មាន Newsmax បានរាយការណ៍ថា លោក ត្រាំ បានពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
លោក ត្រាំ លោក ស៊ី និង លោក ពូទីន។ រូបភាព៖ Reuters
ការលើកឡើងរបស់លោក ត្រាំ នេះ ធ្វើឡើងប៉ុន្មានខែ បន្ទាប់ពីកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (Strategic Arms Reduction Treaty) ផុតសុពលភាព កាលពីដើមឆ្នាំនេះ។
កិច្ចព្រមព្រៀង New START បានចុះហត្ថលេខា នៅឆ្នាំ២០១០ អនុញ្ញាតឱ្យមានការបន្តសុពលភាពបានតែម្តងគត់ កាលនោះ អតីតប្រធានាធិបតី លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងបន្តរយៈពេល ៥ឆ្នាំ។
មិនតែប៉ុណ្ណោះ រាល់ការបន្តសុពលភាពថ្មីណាមួយ នឹងតម្រូវឱ្យមានការសម្រេចចិត្តជាផ្លូវការពីថ្នាក់ដឹកនាំ ដើម្បីពង្រីកដែនកំណត់នៃកិច្ចព្រមព្រៀងនេះដោយស្ម័គ្រចិត្ត៕
ប្រភព៖ Reuters
អត្ថបទ៖ ណឺ មិនា
The post លោក ត្រាំ បង្ហើបពីការចរចាជាមួយរុស្ស៊ី និងចិន ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ appeared first on Kampuchea Thmey Daily .
The full article is being collected. Available text is shown for now.