កម្ពុជាបន្តពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែន និងគ្រឿងញៀនជាមួយវៀតណាម
កម្ពុជា និងវៀតណាម បានលើកឡើងអំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើការបង្ការ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ រាប់ទាំងគ្រឿងញៀន។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានលើកឡើងក្នុងពេលថ្នាក់ដឹកនាំនគរបាលនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានជួបគ្នានៅឯទីក្រុងហូជីមិញ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបបទល្មើស និងគ្រឿងញៀន។
កិច្ចប្រជុំទ្វេភាគីនោះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្រោមសហប្រធានដឹកនាំដោយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា និងឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកន្លងមកក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ព្រហ្មទណ្ឌ ការជួញដូរមនុស្សគ្រប់ទម្រង់ បទល្មើសសេដ្ឋកិច្ច និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លទ្ធផលជាវិជ្ជមានដែលសម្រេចបាននេះ ត្រូវបានភាគីទាំងពីរ បញ្ជាក់ថា បានកើតចេញតាមរយៈការចែករំលែកព័ត៌មាន ការស៊ើបអង្កេតរួមគ្នា និងការតាមចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ព្រមទាំងការជួយសង្គ្រោះជនរងគ្រោះ។
ឈរលើលទ្ធផលនេះ ភាគីទាំងពីរ តាមរយៈកិច្ចប្រជុំដដែលនោះ បានឯកភាពបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការគំរាមកំហែងកាន់តែស្មុគស្មាញនៃបទល្មើសឆ្លងដែន សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។
បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារសំខាន់ចំនួន២ រួមមាន កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុព្រមព្រៀងស្តីពីកិច្ចសហការ និងដែនសមត្ថកិច្ចរបស់ក្រុមការងាររួមកម្ពុជា-វៀតណាម សំដៅប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ជាការកត់សម្គាល់ ភាគីកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះបន្តក្នុងការរៀបចំកិច្ចប្រជុំប្រចាំនេះ សម្រាប់ឆ្នាំ២០២៧៕
The post កម្ពុជាបន្តពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែន និងគ្រឿងញៀនជាមួយវៀតណាម appeared first on Kampuchea Thmey Daily .
The full article is being collected. Available text is shown for now.